វិធីហាត់ចិត្តជាសមាធិ
មានវិធីជាច្រើនសម្រាប់ការហាត់ចិត្តឲ្យស្ថិតក្នុងលក្ខណៈជាសមាធិ។ ខាងក្រោមនេះជាវិធីងាយៗមួយចំនួន៖
- អង្គុយ ឬដេកក៏ដោយ ត្រូវរៀបចំដៃជើងនិងសាច់ដុំឲ្យស្រួលសប្បាយ មិនចង្អៀតស្អុះស្អាប់ ធ្មេចភ្នែកនឹកដល់រូបរាងលេខ១ ទាល់តែឃើញច្បាស់បំផុត ហើយផ្លាស់លេខ ២, ៣, ៤ រហូតដល់លេខ៩។ ថ្ងៃទី២ នឹកដល់លេខពីរតួ គឺតាំងពី១០ ដល់៩៩ ហើយក្នុងថ្ងៃទី៣ នឹកដល់លេខបីតួ គឺតាំងពីលេខ១០០ ដល់៩៩៩ ដូច្នេះជាលំដាប់តទៅ។
- យកវត្ថុតូចៗ ដូចជាដបទឹកអប់ជាដើម ដាក់កន្លែងមួយឆ្ងាយពីខ្លួនរវាងមួយម៉ែត្រ សម្លឹងមើលរបស់នោះឲ្យជុំវិញ ពិនិត្យពិគ្រោះយ៉ាងល្អិតល្អន់ ហើយធ្មេចភ្នែកនឹកដល់សភាពរបស់នោះ ឲ្យបានជារូបរាងជាក់ច្បាស់ ប្រាកដតាមភាពពិតនៃរបស់នោះ យូរៗបើកភ្នែក ថាតើត្រូវគ្នាពិតឬទេ បើនៅមិនទាន់ត្រឹមត្រូវទេ ត្រូវធ្វើឲ្យបានត្រឹមត្រូវជាទីបំផុត។
- ក្រដាសមួយសន្លឹក ខ្មៅដៃពីរកាន់ដៃម្ខាងមួយ ដៃស្ដាំគូររង្វង់មូល ដៃឆ្វេងគូរក្រឡា៤ជ្រុង លើក្រដាសតែមួយ និងវេលាតែមួយជាមួយគ្នា។ វិធីហ្វឹកហាត់នេះ ជាវិធីដ៏ស្រណុក និងជាប្រយោជន៍បំផុត ក្នុងការបង្វឹកឲ្យរាងកាយនៅក្នុងអំណាចរបស់ចិត្ត និងឲ្យចិត្តជាសមាធិល្អផង។
- ឲ្យព្យាយាមនឹកដល់ជនណាមួយដែលយើងស្គាល់ ឬធ្លាប់ឃើញ ព្យាយាមនឹកឲ្យបានជារូបជាប់នឹងភ្នែក និងឃើញច្បាស់ប្រាកដ។
- យកទឹកដាក់ក្នុងកែវឲ្យជិតពេញ ឈរឲ្យត្រង់ខ្លួន ដៃមួយកាន់កែវនោះ រួចលាតសន្ធឹងឲ្យត្រង់ចេញទៅ បើដៃស្ដាំឲ្យត្រង់ចេញទៅស្ដាំ បើដៃឆ្វេងឲ្យលាតត្រង់ចេញទៅឆ្វេង ព្យាយាមបង្គាប់កាយនិងដៃឲ្យនឹងនរបំផុត ឯចិត្តក៏ឲ្យនឹកតែដល់ទឹកក្នុងកែវនោះតែម្យ៉ាង។ ដំបូងទឹកក្នុងកែវនឹងក្រឡក មិននឹង ត្រូវព្យាយាមធ្វើឲ្យទាល់តែទឹកមិនក្រឡក។ វិធីនេះ អាចនឹងស៊ីពេលអស់ច្រើនថ្ងៃ ហើយត្រូវធ្វើវិធីនេះឲ្យសម្រេចដោយដៃម្ខាងសិនបានហើយ ទើបចាប់ធ្វើដៃម្ខាងទៀត បន្ទាប់មកទើបធ្វើទាំងពីរតែម្ដង។
No comments:
Post a Comment